Update: ប្រជាជន​ជប៉ុន​ស្លាប់​កើន​ដល់​៧២​នាក់ ក្រោយ​ព្យុះ​ទី​ហ្វុង​កំណាច Hagibis…

136

[​តូ​ក្យូ​]៖ អាជ្ញាធរ​ជប៉ុន នៅ​ថ្ងៃ​អង្គារ​នេះ​បានឱ្យដឹងថា មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុង ហា​ហ្គី​ប៊ីស បាន​កើនឡើង​ដល់​៧២​នាក់​ហើយ ខណៈ​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​ស្វែងរក​អ្នក​បាត់​ខ្លួន នៅតែ​បន្ត​ធ្វើ​ឡើង​នៅឡើយ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNA នៅ​យប់ ថ្ងៃ​អង្គារ ទី​១៥ ខែតុលា ឆ្នាំ​២០១៩​។​

​ព្យុះ​ទី​ហ្វុង​ហា​ហ្គី​ប៊ីស (Hagibis) បាន​វាយប្រហារ​លើ​ប្រទេស​ជប៉ុន កាលពី​យប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​នាំ​មក​ជាមួយ​នូវ​ខ្យល់​បក់​យ៉ាងខ្លាំង និង​ភ្លៀង​ធ្លាក់​ដែល​បង្ករ​ជា​គ្រោះ​ទឹកជំនន់ និង​រអិល​បាក់​ដី​នៅ​ទូទាំង​ខេត្ត​ចំនួន ៣៦ ក្នុង​ចំណោម​ខេត្ត​សរុប ៤៧ របស់​ជប៉ុន​។

​ដោយឡែក ក្រៅពី​ចំនួន​មនុស្ស​ស្លាប់ ក៏​មាន​មនុស្ស រាប់សិប​នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន ខណៈ​ប្រមាណ​ជាង ២០០​នាក់​ទៀត​បាន​រងរបួស​។ Hagibis ជា​ព្យុះ​ទី​ហ្វុង ដ៏​កំណាច​បំផុត​មួយ ដែល​ព្យុះ​សាហាវ​បែបនេះ​មិន​ធ្លាប់​វាយប្រហារ​លើ​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​ជាង ៦០​ឆ្នាំ​កន្លងមក​នេះ​ឡើយ​។​

​ព្យុះ​ទី​ហ្វុង Hagibis បាន​ធ្វើដំណើរ​ចេញផុត​ពី​ប្រទេស​ជប៉ុន កាលពី​ថ្ងៃអាទិត្យ ក៏​ប៉ុន្តែ​វា​បាន​បន្សល់ ទុក្ខ​ស្លាកស្នាម​នៃ​ការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ដោយ​ក្នុង​នោះ​ផ្ទះ​ប្រជាជន​ច្រើនជាង ១០,០០០​ខ្នង រង​ការបំផ្លិចបំផ្លាញ ជាពិសេស​នៅ​តំបន់​ក្បែរ​ខាង​ទីក្រុង​តូ​ក្យូ​តែម្តង​៕