អភិបាលខេត្តកណ្ដាល ចាត់ឲ្យត្រៀមរៀបចំបន្ទប់ដាច់ឡែក ក្នុងករណីពលរដ្ឋមកពិនិត្យមានជំងឺផ្ដាសសាយធ្ងន់ធ្ងរ…

265

(កណ្តាល)៖ មានការណែនាំពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល, លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលរងស្រុក សហការជាមួយ ការិយាល័យស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល បានពិនិត្យ និងរៀបចំបន្ទប់ដាច់ដោយឡែក ដើម្បីត្រៀមក្នុងករណីមានប្រជាពលរដ្ឋណា ដែលត្រូវសង្ស័យ ឬពិនិត្យឃើញថាមានជំងឺផ្តាសសាយធ្ងន់ធ្ងរ ដែលបង្កដោយវីរុសកូវីដ១៩។

កម្ពុជាបានរកឃើញករណីកូវីដ១៩ តែ២ករណីប៉ុណ្ណោះ ក្នុងនោះមានទី១ គឺនៅលើខ្លួនជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលត្រូវព្យាបាលជាសះស្បើយ ហើយចាកចេញពីកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ និងមួយករណីទៀត គឺនៅលើខ្លួនបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប។

បុរសចុងក្រោយនេះ បានឆ្លងពីជនជាតិជប៉ុនម្នាក់ ដែលត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ ពេលចេញពីកម្ពុជាទៅដល់ព្រលានយន្តហោះ ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយសារតែបុរសជនជាតិខ្មែររូបនោះ គឺជាមនុស្សម្នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ខណៈដែលមនុស្ស៣នាក់ទៀតមិនមានឆ្លងឡើយ។

ក្រសួងនឹងបន្តតាមដានលើជនជាតិខ្មែរដែលមានជំងឺកូវីដ ហើយកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកមួយ នៅមន្ទីរពេទ្យខេត្តសៀមរាប ហើយដែលពេលនេះគាត់មានសុខាភិបាលល្អធម្មតា។ រហូតមកដល់ពេលនេះ មិនមានករណីកូវីដណាដែលឆ្លងបន្តពីជនជាតិខ្មែរ ឬបុរសជនជាតិជប៉ុនឡើយ៕