សម្ពាធពីគ្រឹះស្ថានឧត្ដមសិក្សា ជំរុញឲ្យនាយករដ្ឋមន្រ្ដីថៃ បន្ទន់ឥរិយាបថ…

132

រាជធានីបាងកក៖ ក្រោយពេលចេញបទបញ្ជា ដាក់ទីក្រុងបាងកក ក្នុងគ្រា​អាសន្ន ហើយក្រុមបាតុករ នៅតែផ្គើននឹងច្បាប់នេះ និងនាំគ្នាបន្ដបាតុកម្ម​កាន់តែពុះកញ្ជ្រោលឡើង ស្រាប់តែកាលពីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០​២០ នាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចាប់ផ្ដើមបន្ទន់ឥរិយាបថ កាន់តែខ្លាំងជាងមុន ដោយលោកបានលើកឡើងថា លោកនឹងលុប​ចោល​ច្បាប់​នោះវិញ ប្រសិបើបាតុកម្មគ្មានអំពើហិង្សា។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ បានថ្លែងថា ក្រុមអ្នកគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ បានបញ្ចេញសំឡេងរបស់ពួកគេ ហើយលោកក៏​បានស្នើ​ឲ្យមានការកោះប្រជុំសភាពិសេសមួយ ចាប់ពីថ្ងៃទី២៦ដល់២៧ ខែតុលា ឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំសភាពិសេសនោះ គឺផ្ដោតលើប្រធាន​បទជា​ច្រើន តាមអ្វីដែលក្រុមបាតុករចង់បាន។

លោកនាយករដ្ឋមន្រ្ដី មិនបានបញ្ជាក់​ឲ្យបាន​ពិស្ដារនោះ​ទេ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រុមបាតុករ នៅតែទាមទារ​ឲ្យលោក​នាយករដ្ឋមន្រ្ដីថៃ ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង, កំណែទម្រង់​រដ្ឋាភិបាល និងធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ហើយ​ដក​សិទ្ធិ​អំណាចពីព្រះមហាក្សត្រ។

ប្រជាពលរដ្ឋថៃ បានស្ដីបន្ទោសដល់រដ្ឋាភិបាល ចំពោះ​ការប្រើប្រាស់នូវអំពើហិង្សា ប្រឆាំងនឹងក្រុមបាតុកម្មដោយអហិង្សា កាល​ពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ។ រីឯ​នៅ​ក្នុង​សុន្ទរកថា កាលពីថ្ងៃទី២១ ខែតុលា លោកនាយករដ្ឋមន្រ្ដី បានទទួលស្គាល់ថា សកម្មភាពហិង្សាបែបនេះ មិនមែនជាការល្អនោះឡើយ។ ប៉ុន្ដែ​រឿង​របស់លោក ជុំវិញបាតុកម្ម កាលពីថ្ងៃសុក្រសប្ដាហ៍មុន មានលក្ខណៈ​ខុសគ្នាច្រើន ដោយសារមានការប្រើអំពើហិង្សា មកលើប៉ូលិស។

នាយករដ្ឋមន្រ្ដីថៃ កំពុងតែរងសម្ពាធយ៉ាងខ្លាំង ពី​ក្រុម​បាតុករ ក្រុមវេជ្ជបណ្ឌិត និងគ្រឹះស្ថានឧត្ដមសិក្សាជាង១០០០ បាន​ប្រមូល​ផ្ដុំគ្នា ដង្ហែញត្ដិយកទៅដាក់ដល់វិមានរដ្ឋាភិបាល ដើម្បីជំរុញឲ្យ​លោក​នាយករដ្ឋមន្រ្ដី ចុះចេញពីតំណែង។ ស្របពេលប្រទេសថៃ កំពុង​តែមានបាតុកម្មយ៉ាងពុះកញ្ជ្រោលនោះ ស្រាប់តែកងទ័ព នៃប្រទេសនេះ បានចល័តរថពាសដែកជាច្រើនគ្រឿង នៅជាយទីក្រុងបាងកក បន្ថែមទៀត ធ្វើឲ្យប្រជាពលរដ្ឋ បានចាត់ទុកថា នេះជាសកម្មភាពគំរាម មកលើ​ក្រុម​បាតុករ។

ផ្ទុយពីការលើកឡើងខាងលើនេះ លោកស្រី Sirichan Ngathong អ្នកនាំពាក្យយោធាថៃ បានបញ្ជាក់ថា ការដឹកជញ្ជូនរថពាសដែក Stryker ចំនួន១៤គ្រឿង ចេញពីទីក្រុងកំពង់ផែ Laem Chabang ស្ថិតក្នុងខេត្ត Chonburi នោះ មិនមែនជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដូចពាក្យចចាម​អារ៉ាមលើកឡើង នៅលើបណ្ដាញទំនាក់ទំនងសង្គមនោះឡើយ។ ប៉ុន្ដែ​រថពាសដែកទាំងនេះ គ្រាន់តែចល័ត តាមបទបញ្ជាឱ្យដឹកទៅកាន់បន្ទាយ ស្ថិតក្នុងខេត្ត Saraburi ដោយត្រូវឆ្លងកាត់តំបន់ភាគខាងកើត នៃជាយ​ក្រុងបាងកក តែប៉ុណ្ណោះ។

កាលពីពេលកន្លងទៅថ្មីៗនេះ មេទ័ពកំពូលថ្មីរបស់ថៃ បានប្រកាសថា លោកធានាជាថ្មី ដោយសន្យា នឹងមិនឲ្យមានការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសថៃ បន្ដទៀតឡើយ។ ប៉ុន្ដែការលេចឡើង​នូវពាក្យ​ចចាមអារ៉ាម អំពីការធ្វើរដ្ឋប្រហារនេះ បានកើតឡើង ដោយសារ​កងទ័ពចល័តគ្រឿងសឹក ចំពេលស្ថានការណ៍វឹកវរ ដោយសារបាតុកម្ម​នយោបាយ កំពុងតែពុះកញ្ជ្រោលឡើង ហើយគួបផ្សំនឹងប្រទេសនេះ ធ្លាប់មានប្រវត្ដិ នៃការធ្វើរដ្ឋប្រហារយោធាជាញឹកញាប់ផងដែរ។

ថៃ ជាប្រទេសមានការធ្វើការរដ្ឋប្រហារយោធា​ច្រើនជាង​គេបំផុត នៅលើពិភពលោក ចាប់តាំងពីឆ្នាំ១៩៣២មក ហើយនៅពេល​ឃើញកងទ័ពចល័តគ្រឿងសឹក ចំពេលស្ថានការណ៍នយោបាយកំពុងវឹកវរ នៅក្នុងប្រទេស ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ អំពីការធ្វើរដ្ឋ​ប្រហារយោធា ទម្លាក់នាយករដ្ឋមន្រ្ដី លោក ប្រាយុត ចាន់អូចា ចេញ​ពីតំ​ណែង៕