ពលរដ្ឋ រស់នៅ​តាម​ទឺក​ស្ទឹង​ព្រែក​ត្នោត ចាប់​ផ្ដើម​ធូរ​ទ្រូង​វិញ​ហើយ…

205

រាជធានីភ្នំពេញ៖ បើគិតត្រឹមវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២០ ទឹកស្ទឹងព្រែកត្នោត បន្ដស្រកចុះ ០,៣២ម៉ែត្រ បើធៀប នឹង​ល្ងាច ថ្ងៃទី២៤ ខែតុលា ម្សិលមិញ ហើយប្រសិនបើមិនមានភ្លៀងធ្លាក់​បន្ដ​ទៀតទេនោះ ស្ថានភាពទឹក អាចនឹងស្រកចុះលឿន​ជាងនេះ​បន្ថែម​ទៀត។

បើតាមទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី២៥ ខែតុលានេះ ស្ថានភាព កម្ពស់​ទឹក​ស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,៣២ ម៉ែត្រ ធៀបនឹងវេលា​ល្ងាច​ថ្ងៃម្សិលមិញ (ទី២៤)។ ដោយឡែក ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា គិតត្រឹមវេលាម៉ោង៧ និង៣០នាទី​ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកខាងមុខទ្វារ គឺ៤,៨០ ម៉ែត្រ ស្រកចុះ ១,៨៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០, កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ ម៉ែត្រ ហើយកម្ពស់ទឹកខាងក្រោយទ្វារ ៧,៦០ម៉ែត្រ។

បើតាមការបញ្ជាក់របស់ក្រសួងធនធានទឹកខាងលើនេះ ទឹកមាន​ការស្រក​ចុះជាលំដាប់ ហើយប្រសិនបើមិនមានភ្លៀងធ្លាក់បន្ដទៀត ទឹកស្ទឹងនេះ អាច​នឹងបន្ដស្រកចុះយ៉ាងលឿនថែមទៀត៕