ជនជាតិចិនម្នាក់ប្រុងលោតសម្លាប់ខ្លួន! ជាង៣០នាក់បិទផ្លូវតវ៉ា ដោយសារ…

127

ភ្នំពេញ៖ ជនជាតិចិនម្នាក់ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើជាន់ទី២១ របស់អគារការដ្ឋានសំណង់មួយ មួយកន្លែង ខណៈជនជាតិចិនជាង៣០នាក់ទៀត បាននាំគ្នាបិទផ្លូវ ធ្វើការតវ៉ាទាមទារ ឲ្យថៅកែបើកប្រាក់ខែចំនួន៣ខែឲ្យពួកគាត់ សរុបប្រមាណជាង៨០ម៉ឺនដុល្លារ ។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ចំណុចអគារសំណង់យីហោជិនយ៉ាងស៊ីង ផ្លូវ៥០៨ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ក្រុមកម្មករសំណង់ជនជាតិចិនមួយក្រុមប្រមាណ៣០នាក់ ក្នុងនោះមានកម្មករជាជនជាតិខ្មែរផងដែរ បាននាំគ្នាប្រមូលផ្ដុំ លើកបដាបិទផ្លូវលេខ៥០៨ តវ៉ា ដោយសាតែក្រុមហ៊ុនមិនបានបើកប្រាក់ខែឲ្យចំនួន ៣ខែមកហើយ។ តែពេលតវ៉ានោះ មិនទាន់មានដំណោះស្រាយផង ក៏ស្រាប់តែបុរសជនជាតិចិនម្នាក់ ឡើងទៅលើដំបូលអគារជាន់ទី ២១ ប៉ុនប៉ងលោតសម្លាប់ខ្លួន និងបង្កឲ្យមានការភ្ញាក់ផ្អើលហើយអាជ្ញាធរបានសម្របសម្រួលឲ្យចុះមកនិយាយនៅខាងក្រោមវិញ ។

ការដ្ឋានអគារសំណង់យីហោជិនយ៉ាងស៊ីងនេះ មានកម្មករសរុប មានជាង៦០នាក់ ក្នុងនោះមានជនជាតិខ្មែរ១០នាក់ ហើយអ្នកដែលនាំគ្នាមកបិទផ្លូវតវ៉ា គឺមានជាង៣០នាក់ ជាតំណាង ដើម្បីតវ៉ាឲ្យថៅកែក្រុមហ៊ុន បើកប្រាក់ខែឲ្យពួកគាត់ ដែលមានលុយចំនួនជាង៨០ម៉ឺនដុល្លារ ពេលនោះមានតំណាងក្រុមហ៊ុនម្នាក់ចេញមុខមកដោះស្រាយ ដោយឲ្យលុយពួកគាត់តែ២ម៉ឺនដុល្លារប៉ុណ្ណោះ ដូច្នេះពួកគាត់មិនព្រមទទួលយកទេ។

ភាគីទាំងពីរបានឯកភាពថា នៅថ្ងៃទី២២ ខែតុលា នេះ ខាងភាគីតំណាងក្រុមហ៊ុននឹងប្រគល់ប្រាក់បណ្តោះអាសន្នទៅខាងភាគីកម្មករ ចំនួន២ម៉ឺនដុល្លារ សិន ហើយភាគីតំណាងក្រុមហ៊ុន បានសន្យាថា នឹងប្រមូលលុយមកទូទាត់ជូនភាគីកម្មករ ឱ្យគ្រប់ចំនួនជាង៨០ម៉ឺនដុល្លារ មិនឱ្យលើសពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ខាងភាគីកម្មករបានសន្យាថា ឈប់ធ្វើបាតុកម្មតទៅទៀតដែរ ៕