ការបញ្ជូនវត្ថុធាតុដើមពីចិន សម្រាប់រោងចក្រកាត់ដេរងើបឡើងវិញបន្តិចហើយ

262

(ភ្នំពេញ)៖ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ការបញ្ជូនទំនិញជាវត្ថុធាតុដើមពីប្រទេសចិន ដើម្បីបម្រើឲ្យវិស័យកាត់ដេរសម្លៀកបំពាក់ក្នុងប្រទេសកម្ពុជា ហាក់មានការងើបឡើងវិញបន្ដិចហើយ ដែលជាសញ្ញាល្អសម្រាប់រោងចក្រនៅកម្ពុជា។ ​វីរុសកូរ៉ូណាថ្មី ឬ Covid-19 នៅប្រទេសចិន ក្រៅពីធ្វើឲ្យប៉ះពាល់ក្នុងប្រទេសចិនហើយនោះ បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាច្រើនផ្សេងទៀតផងដែរ ពិសេសពាក់ព័ន្ធការធ្វើពាណិជ្ជកម្មតែម្ដង។ បន្ថែមពីនេះ ក៏បានធ្វើឲ្យរោងចក្រនៅប្រទេសមួយចំនួន ត្រូវបានបិទទ្វារ ដោយសារតែកង្វះវត្ថុធាតុដើមនៅប្រទេសចិន។ ​គិតត្រឹម ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ កម្មករ កម្មការិនី ប្រមាណជាង១៨,០០០នាក់ ហើយដែលបានបាត់បង់ការងារធ្វើ បន្ទាប់ពីរោងចក្រខ្លះសុំព្យួរការងារ ព្រោះតែកង្វះវត្ថុធាតុដើម ដោយសារផ្ទុះឡើង នៃកូវីដ១៩នៅប្រទេសចិន។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ លោក គុណ ញឹម បានថ្លែងយ៉ាងដូច្នេះថា «សញ្ញាទំនិញជាវត្ថុធាតុដើម ដែលយើងអត់ប្រមូលចំណូលពីវត្ថុធាតុដើម វិស័យកាត់ដេរពន្ធ អាករបន្ទុករដ្ឋទាំងអស់ ឃើញងើបឡើងវិញ។ ទន្ទឹមនោះទំនិញដែលនាំចូលមកជាលក្ខណៈពាណិជ្ជកម្ម ដើម្បីយកមកលក់ក្នុងទីផ្សារក្នុងស្រុក ក៏ចាប់ផ្ដើមងើបៗឡើងវិញបន្ដិចៗផងដែរ។ ចឹងនេះជាសញ្ញាល្អ ដែលយើងនឹងតាមដានបន្ដទៀត»។ ​ក្នុងអំឡុងពេលជួបបញ្ហាប្រឈមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្កើតច្រកពិសេសមួយ នៅកំពង់ផែអន្ដរជាតិ ក្រុងព្រះសីហនុ សម្រាប់ទំនិញដែលជាវត្ថុធាតុដើម ដើម្បីបម្រើឲ្យវិស័យកាត់ដេរនៅកម្ពុជា ធ្វើយ៉ាងណាឲ្យការចរាចរលឿន ពិសេសពាក់ព័ន្ធការបំពេញបែបបទផ្សេងៗ ជាដើម។ លោក គុណ ញឹម បានអះអាងថា មន្ដ្រីរបស់អគ្គនាយកដ្ឋានគយ នៅកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុ នៅពេលនេះ ធ្វើការមិនកំណត់ពេលនោះទេ ពោលប្រសិនបើទំនិញមកដល់ម៉ោង១២ ឬម៉ោង១រំលងអធ្រាត្រ ក៏ត្រូវបំពេញបែបបទបញ្ជូនចេញដែរ មិនអាចពន្យាពេលបាននោះទេ ដើម្បីសម្រួលដល់រោងចក្រដែលកំពុងកង្វះវត្ថុធាតុដើម។ ​ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិលេខ៥៨ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ភាគីចិន ចង់ឲ្យមានការដឹកជញ្ជូនក្រណាត់ តាមរយៈយន្ដហោះ មកកម្ពុជាផ្ទាល់តែម្ដង ដើម្បីដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើម។ ​បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សំណើនេះសម្ដេចគិតថា ភាគីចិនអាចធ្វើទៅបាន ព្រោះយន្ដហោះចិនមានច្រើនគ្រឿង ដូច្នេះមានតែជម្រើសដឹកជញ្ជូន តាមយន្ដហោះទេ ទើបអាចសង្គ្រោះកុំឲ្យកម្មករ កម្មការិនីរបស់កម្ពុជា ពីការបិទទ្វាររោងចក្រ ដោយសារបញ្ហាខ្វះវត្ថុធាតុដើមនេះបាន៕